ប្រវត្តិ​របាំ​កណ្តូបសេះ​ក្នុងវង់​សិល្បៈក្នុងព្រះរាជាណាចក្រកម្ពុជា

  • 2018-05-08 02:55:16
  • Views 227

Shares

ខេត្តស្វាយរៀង ៖ របាំកណ្តូបសេះ គឺជារបាំទីពីរ បន្ទាប់ពីរបាំគោះត្រឡោក បានបដិសន្ធិឡើងនៅក្នុងអំឡុងឆ្នាំ១៩២០ សម្តែងក្នុងវង់សិល្បៈអាប៉េរបស់លោកគ្រូម៉ាន់ ស៊ុំ នៅភូមិជប់ ឃុំកណ្តៀងរាយខេត្តស្វាយទាប ។

បើតាមសិល្បករ សិល្បការិនី ចាស់ៗជំនាន់ដើម រួមមាន៖ លោកតាសួស វ៉ា ឆ្នាំកំណើត ១៩១៧ រស់នៅក្នុងភូមិជប់ ឃុំកណ្តៀងរាយ លោកនង សារឿន ហៅតាកណ្តូបសេះ ឆ្នាំកំណើត១៩៣៩ នៅភូមិជប់ លោកយាយសោម សាញ់ ឆ្នាំកំណើត១៩១៨ នៅភូមិជប់ លោកយាយសោម ថន ឆ្នាំកំណើត១៩៥៤នៅភូមិជប់ ដែលជាសិល្បករ សិល្បការិនី ជាសិស្សរបស់លោកគ្រូម៉ាន់ ស៊ុំ បានអះអាងថា លោកគ្រូម៉ាន់ ស៊ុំ បានបង្កើតរបាំកណ្តូបសេះ ឡើងក្នុងអំឡុងឆ្នាំ១៩២០ នៅភូមិជប់ បន្ទាប់ពីររបាំគោះត្រឡោក ។

ចំពោះក្បាច់រាំ ៖ ក្បាច់រាំរបាំកណ្តូបសេះ គឺយកលំនាំតាមសត្វកណ្តូបសេះ តាំងពីរក្បាលរហូតដល់ចុងជើង រាំលោតមានសភាពយឺត ទន់ភ្លន់ ក្បាលផ្អៀងផ្អង ភ្នែកគយគន់ ជុំវិញខ្លួនត្រៀមការពារខ្លួនគ្រប់កាលៈទេសៈ ។ ចំនួនអ្នកសម្តែង គឺមិនកំណត់មានចាប់២ទៅ៣គូ ៥គូ ទៅ៧គូតាមជាក់ស្តែង លម្អរដោយសម្លៀកបំពាក់ពណ៌កណ្តូបសេះ ។

ឧបករណ៍សម្តែង គឺម្នាក់កាន់ត្រឡោកបួន ត្រឡោកពីរកាន់នៅដៃ ត្រឡោកពីរទៀតចងនឹងកែងដៃ ។

ឧបករណ៍ភ្លេង តាមសេចក្តីរាយការណ៍ពីលោកតាសួស វ៉ា និងលោកនង សារឿន ពួកគាត់បានឃើញថា ដំបូងគេប្រើតែខ្សែដៀវមួយ និងស្គរមួយប៉ុណ្ណោះ ។ លុះក្រោយមក គេក៏បញ្ចូលភ្លេងបន្ថែមទៀត ដូចជា ទ្រសោ ទ្រអ៊ូ រនាត ខ្សែដៀវ និងស្គរដើម្បីឲ្យកាន់តែពីរោះថែមទៀត ។

ចំពោះបទចម្រៀង ក្នុងរបាំកណ្តូបសេះ ការស្រាវជ្រាវលើកទី១ គឺ ពុំទាន់មានការអះអាងថា ត្រឹមត្រូវដែរ ដោយរកឃើញ មានបីវគ្គ ក្នុងមួយវគ្គមាន៤ឃ្លា ក្នុង១ឃ្លា មាន៤ពាក្យ ។ ដើម្បីរៀបចំបទចម្រៀងយកមកច្រៀងឲ្យសិល្បករ សិល្បការិនីសម្តែងបាន មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរួមជាមួយសិល្បករ ចាស់ៗបានតស៊ូព្យាយាមស្រាវជ្រាវអស់រយៈពេល២ខែនៅក្នុងឆ្នាំ១៩៩៤ បន្តបន្ទាប់បានលទ្ធផលយកមកចងក្រងបង្កើតបានជាផ្ទាំងទស្សនីយភាពរបាំកណ្តូបសេះឡើងទុកសម្រាប់តំណតកូនតចៅក្រោយៗសិក្សា និងថែរក្សាបន្ត ។

ចម្រៀងរបាំកណ្តូបសេះ៖ «កណ្តូបបុកស្រូវ អញឱ្យថ្នាំជក់ កណ្តូបដេកលក់ អញជក់ថ្នាំអស់ ។

កណ្តូបដេកទៅ អញបុកស្រូវឱ្យ លុះដល់ថ្ងៃក្រោយ បុកឱ្យអញវិញ ។

កណ្តូបវាតវង់ ក្រោមដើមពុទ្ទ្រា បុកស្រូវប្រណាំងគ្នា ដណ្តើមស្នាដៃ» ៕

Recently Posts