ភ្ញៀវខាង​កូនកំលោះ​ចំនួន៧នាក់​ត្រូវគ្នា វាយ​ភ្ញៀវខាង​កូន​ក្រមុំ​៦នាក់

  • 2018-12-19 02:08:39
  • Views 189

Shares

ពោធិ៍សាត់៖ ភ្ញៀវខាងកូនកំលោះចំនួន៧នាក់ត្រូវគ្នា វាយភ្ញៀវខាងកូនក្រមុំ៦នាក់ បានវាយគ្នាផ្អើលពេញរោងការ តែមិនបណ្តាលឲ្យរងរបួសខាងកូនក្រមុំបែរទៅរងរបួសខាងកូនប្រុស២នាក់ទៅវិញ ហេតុការណ៍នេះបង្កឡើងដោយភាគីខាងកូនកំលោះដោយអ្នករត់តុយកស្រា ឲ្យភ្ញៀវខាងកូនកំលោះផឹកមិនទាន់ក៏បង្កឲ្យមានករណីនេះកើតឡើង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឃ្លាំងពោត ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារទាំងពីរ បានរៀបចំមង្គលការកូនរបស់ខ្លួន នៅចំណុចខាងលើ ខណៈដល់ម៉ោងទទួលភ្ញៀវទាំងសងខាង បានបរិភោគអាហារ ដើម្បីអបអរសាទរ ក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី លុះដល់ភ្ញៀវខាងប្រុស អស់ស្រាផឹក ដែលអ្នករត់តុបម្រើមិនទាន់ ភ្ញៀវខាងប្រុសមួយក្រុមមានគ្នា០៧នាក់ បានបបួលគ្នាទិញស្រា ពីខាងក្រៅមកផឹកបន្តទៀត ប៉ុន្តែសាច់ញាតិខាងស្រី មិនព្រមឲ្យទិញ ព្រោះស្រានៅក្នុងពិធីមិនអស់នៅឡើយ ខណៈនោះក៏ឮសម្តីនិយាយពីភ្ញៀវខាងប្រុសថា ពួកស្រុកស្រែបានតែវៃសម្លាប់ចោល ភ្លាមៗនោះក៏មានរឿងហឹង្សាផ្ទុះឡើងវាយតប់គ្នាផ្អើលពេញរោងការតែម្តង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលពីរនាក់ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសធ្ងន់ ទី២ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន របួសស្រាល ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបានបន្តថា ចំពោះករណីរឿងនេះ ភាគីខាងស្រី បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៨នេះ ដើម្បីរកយុត្តិធម៌ជូនភាគីខាងស្រី តែយ៉ាងណានោះ សមត្ថកិច្ចពុំទាន់មានដំណោះស្រាយនៅឡើយ កំពុងធ្វើការស្រាវជ្រាវ ដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

00002_1
Recently Posts