ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ចូល​ជា​អធិបតី​ក្នុង​ពិធី​ប្រណាំង​ទូកង​ជាមួយនឹង​រង្វាន់​ជា​សម្ភារៈ​ ថវិកា​ ចំនួន​៨២​លាន​២៤៦​ពាន់​រៀល​

  • 2018-11-16 05:06:15
  • Views 175

Shares

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចូលជាអធិបតីក្នុងពិធីប្រណាំងទូកងជាមួយនឹងរង្វាន់ជាសម្ភារៈ ថវិកា ចំនួន៨២លាន២៤៦ពាន់រៀល

បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍៨កើត ខែកក្តឹក ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការបានចូលជាអធិបតីក្នុងពិធីប្រណាំងទូកង នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយប្រជាពលរដ្ឋជាង១ម៉ឺននាក់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថាយុទ្ធសាស្ត្រឈ្នះ ឈ្នះ និងពលិកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព ប្រជាពលរដ្ឋមានការងារធ្វើគ្រួសាររស់នៅក្នុងជីវភាពធូរធារសម្បូរសប្បាយមានឱកាសបានចូលរួមប្រារព្វពិធីបុណ្យផ្សេងៗយ៉ាងសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ ភិតភ័យគេចគ្រាប់ផ្លោងដូចពីអតីតកាលឡើយ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់នៃគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយសម្តេចតេជោហ៊ុន សែន ដើម្បីបន្តភាពសម្បូរសប្បាយរុងរឿងបន្ថែមទៀត ។

ជាមួយនឹងភាពសប្បាយរីករាយក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយជាសម្ភារ ថវិកា សម្រាប់ប្រគល់ជូនរួមមាន៖
១.សម្រាប់ទូកជ័យលាភីទាំងអស់មាន :មី ១៤៨កេស ទឹកក្រូច ៦២កេស ទឹកបរិសុទ្ធ ១២៨កេស ថវិកា២១លាន៣០០ពាន់រៀល
២-គណៈកម្មការរៀបចំពិធីបុណ្យអុំទូកចំនួន៨ មួយៗទទួលបានថវិកា១លានរៀល
៣-កីឡាករទូក៩៨៥នាក់ ម្នាក់ទទួលបានសារ៉ុង១ ថវិកា២ម៉ឺនរៀល
៤-ឧបត្ថម្ភទូកសុវណ្ណរាជសីបារមីបន្ទាយមហានគរថវិកា២០លានរៀល(សម្រាប់មកចូលរួមប្រណាំងនៅរាជធានីភ្នំពេញ)៕

A0002
Recently Posts