រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មក​ដល់​ភ្លើងស្តុប​មិន​បង្អង់​ល្បឿន​ បុក​រះ​រថយន្ត​និង​ម៉ូតូ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​

  • 2018-11-16 05:00:31
  • Views 161

Shares

រថយន្តហ៊ីយ៉ាន់ដាយមកដល់ភ្លើងស្តុបមិនបង្អង់ល្បឿន បុករះរថយន្តនិងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធន់ធ្ងន់ ទំនងជាបែកថ្នាំក្រោយពីបុករះរថយន្តនិងម៉ូតូឈប់កន្លែងភ្លើងស្តុប បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ របួសធ្ងន់មនុស្សចាស់ម្នាក់ ហើយបើកទ្វាររថយន្តបំរុងរត់គេចខ្លួនទាំងញញឹម តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់បាន។ ហេតុការណ៍ ដែលគួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុប ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខ3A-2364 បើកបរដោយឈ្មោះ ច្រឹក រតនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ។បានបើរបរពីទិសខាងលិចទៅកើត ពេលមដល់ចំណុចភ្លើងស្តុប បានបត់ទៅទិសខាងជើង ពេលដែលសញ្ញាភ្លើងខៀវជិតអស់នាទី ចូលមកភ្លើងក្រហម តែរថយន្តនេះបានសំដៅបើកបង្ខំឲ្យផុតកំឲ្យភ្លើងក្រហមមកទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តឆ្លាមពណ៌ខ្មៅ១គ្រឿង និងម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់មកស្លាប់នៅមន្ទីពេទ្យ ខណៈពេលសិស្សសាលាម្នាក់នេះទើបចេញពីសាលារៀន។ ជនរងគ្រោះ ឈ្មោះ ឡាយ គឹមកៅ ភេទប្រុស អាយុ១៣ឆ្នាំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងមនុស្សចាស់ម្នាក់ទៀតមិស្គាល់ទាន់ឈ្មោះរបួសធ្ងន់ បញ្ជូនទៅព្យាបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ។

បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បានលោតចេញពីម៉ូតូទាន់ផុតពីគ្រោះថ្នាក់ខូចតែម៉ូតូនិងម្ចាស់រថយន្តរងការខូចខាតដែរនោះបាននិយាយ មុនពេលកើតពួកគាត់និងជនរងគ្រោះផ្សេងទៀតបានឈប់រងចាំឆ្លងផ្លូវ ស្រាប់តែរថយន្តជនបង្ក បានបើកយ៉ាងលឿនពីទិសខាងលិច មកដល់ចំណុចភ្លើងស្តុបបានបត់មកខាងឆ្វេងដៃទៅទិសខាងជើង បណ្តាលឲ្យជ្រុលចង្កូតបុករាស់តែម្តង ក្រោយបុកបានបើកទ្វាររថយន្តរត់ទាំងសើចធ្វើហ៊ៃទំនងជាមនុស្សបែកថ្នាំ តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន។

ចំណែកជនបង្កបាននិយាយថា គេបានស៊ីឈ្នួលបើករថយន្តឲ្យឈ្មោះ នី ភេទស្រីអាយុ៤៥ឆ្នាំ ភូមិនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៣ខែមកហើយ ។ មុនពេលកើតហេតុគេបានបើករថយន្តមកពីដឹកដំឡូងមីទៅស្រុកម៉ាឡៃ ហើយប្រញាប់ទៅដឹកដំឡូងមីនោះទៅស្រុកស្វាយចេកទៀត តែដោយរថយន្តគេហ្វ្រាំងមិនស៊ីក៏កើតហេតុការគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

លោកនាយការិយាល័យនគរបាលចរាចរណ៍ ក៏បានបញ្ជាក់ថា៖ចំពោះអ្នកបើកបររថយន្តបង្កឲ្យមនុស្សស្លាប់និងរបួស ឈ្មោះ ច្រឹក រតនា កម្លាំងនគរបាលជំនាញ កំពង់កសាងសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បុរសវ័យចំណាស់រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។វត្ថុតាងរថយន្តបង្កនិងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត៕

A0001
Recently Posts