អាជ្ញាធរខណ្ឌមានជ័យកោះហៅម្ចាស់ទីតាំងខារ៉ាអូខេ ក្លឹបឌីស្កូ ម្ចាស់ផ្ទះសំណាក់ប្រជុំផ្សព្វផ្សាយចូលរួមសហការ និងចុះកិច្ចសន្យាគ្មានគ្រឿង

  • 2018-11-09 03:44:30
  • Views 160

Shares

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកោះហៅម្ចាស់ទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តសប្បាយៗ ក្លឹបឌីស្កូ និងម្ចាស់ផ្ទះសំណាក់ទាំងអស់សរុបមានជាង២០ទីតាំង មកធ្វើកិច្ចសន្យាសហការជាមួយនិងអាជ្ញាធរដើម្បីលប់បំបាត់គ្រឿងញៀន ការប្រើប្រាស់នៅក្នុងទីតាំងរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះគឺទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឌី រ័ត្ឋខេមរុណ ជាអភិបាលរងខណ្ឌមានជ័យ និងលោក ពេជ្រ ចំរើន តំណាងឲ្យមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងជាអនុប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍រាជធានី ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អស់លោក-លោកស្រីម្ចាស់ទីតាំង នាយនគរបាលប៉ុសិ៍្តរដ្ឋបាលទាំង៧ លោកចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ក្រោមឱវាទសាលាខណ្ឌមានជ័យ។

លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យបានលើកឡើងថា អាជ្ញាធរខណ្ឌបានកោះហៅតែអាជីវកម្មខ្នាតធំមកធ្វើកិច្ចសន្យា និងប្រកាសផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដែលបានចេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧។ ក្នុងនោះក៏មានការចុះកិច្ចសន្យាលប់បំបាត់គ្រឿងញៀន និងគ្មានការប្រើប្រាស់តែម្តងនៅក្នុងទីតាំងរបស់ខ្លួន ធ្វើដូចនេះគឺក្នុងគោលបំណងឲ្យម្ចាស់ទីតាំងត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការបំបាត់ឲ្យអស់គ្រឿងញៀន។ លោកអភិបាលរងខណ្ឌដដែលបន្តថា នៅថ្ងៃនេះម្ចាស់ទីតាំងក្លឹបកម្សាន្ត ក្លឹបខារ៉ាអូខេ និងម្ចាស់ផ្ទះសំណាក់មានជាង២០ទីតាំង ហើយអវត្តមានមិនបានចូលរួម១៤ទីតាំង។ លោកថា ម្ចាស់ទីតាំងទាំង១៤នោះ អាចគាត់ភ្លេចមិនបានមកចូលរួម ឬពួកគាត់រវល់។ តែទោះបីជាយ៉ាងនេះក្តី អាជ្ញាធរខណ្ឌក៏បានបង្កើតក្រុមការងារមួយ ដើម្បីយកក្រដាស់កិច្ចសន្យាសហការនេះទៅដល់ទីតាំងរបស់គេ ដើម្បីឲ្យបំពេញជាលាយលក័្ខអក្សរ ក្នុងកិច្ចសន្យា។

ដោយឡែកលោក ពេជ្រ ចំរើន តំណាងឲ្យមន្ទីរទេសចរណ៍រាជធានីក៏បានពន្យល់ដល់ម្ចាស់អាជីវកម្មទាំងនោះថា បញ្ហាគ្រឿងញៀនតាមរយៈទេសចរណ៍ក៏ជាបញ្ហាប្រឈមខ្លាំងណាស់ផងដែរ។ ភ្ញៀវទេសចរណ៍ខ្លះគាត់មកស្រុកខ្មែរចូលក្លឹបសប្បាយគឺសំដៅថ្នាំញៀន ហេតុដូច្នេះទើបអាជ្ញាធរចេញច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឲ្យអាជ្ញាធររាជធានីខេត្តរហូតដល់ស្រុកខណ្ឌសង្កាត់ឃុំរួមសហការគ្នាលុបបំបាត់គ្រឿងញៀននៅតាមក្លឹបខារ៉ាអូខេ ក្លឹបឌីស្កូ និងផ្ទះសំណាក់។

លោក ពេជ្រ ចំរើន ពន្យល់ថា ជួនកាលបុគ្គលិកបំរើការងារនៅក្នុងក្លឹបលួចយកចូលទុកលក់ឲ្យភ្ញៀវ ហើយម្ចាស់ទីតាំង ឬថៅកែក្លឹបអត់ដឹងនេះក៏ជាបញ្ហា។ ហេតុដូច្នេះថៅកែក្លឹបគួរណាស់រឹតបន្តឹងទៅលើបុគ្គលិករបស់ខ្លួនឲ្យបានតឹងរ៉ឹង និងភ្ញៀវ ជួនកាលគាត់ទិញពីក្រៅចូលទៅ៕

00002
Recently Posts