កងកម្លាំងនគរបាលបីអង្គភាព ចេញល្បាតការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមដងទន្លេចតុមុខ ខណៈបុណ្យឯករាជ្យជាតិនឹងប្រារព្ធធ្វើនៅព្រឹកស្អែក

  • 2018-11-09 03:38:24
  • Views 193

Shares

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កងកម្លាំងនគរបាលមកពីបីអង្គភាព ក្នុងនោះមានកម្លាំងនាយកដ្ឋាននគរបាលការពារ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញល្បាតការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមដងទន្លេចតុមុខ ខណៈបុណ្យឯករាជ្យជាតិនឹងប្រារព្ធធ្វើនៅព្រឹកស្អែក ។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ បានប្រាប់ឲ្យសារព័ត៌មាននគរបាលជាតិ ថា ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមដងទន្លេចតុមុខ យើងបានប្រើប្រាស់អូប័រ ចំនួន ៦គ្រឿង និងកម្លាំងជាង ៣០នាក់ ដើម្បីចេញល្បាតការពារ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ ចរាចរណ៍ និងសុខភាព បានសង្កត់ធ្ងន់ទៅលើការងារសំខាន់ៗចំនួន ៣ចំណុច ៖ ១.យើងត្រូវតែរួមគ្នាដោះស្រាយ ដើម្បីសម្រេចគោលបំណងយើងគឺធានាសុវត្ថិភាព១០០ភាគរយ ដែលនេះ ជាកិច្ចការដែលយើងត្រូវធានា ចំពោះ រាជរដ្ឋាភិបាល ដោយមិនអាចឲ្យមានការធ្លោះធ្លោយនោះទេ ។ ២.កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ នៅគ្រប់គោលដៅសំខាន់ៗ នៃទីតាំងប្រារព្ធពិធីពិសេសក្បួនដង្ហែរ ព្រះ មហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងចំណុចខ្ពស់ ។ ៣.ត្រូវចាត់តាំងបែងចែកកម្លាំង និងប្រគល់ភារកិច្ចច្បាស់លាស់ តាមជំនាញនិមួយៗ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ជៀសការកកស្ទះ និងធ្វើឲ្យពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ដំណើរការប្រកបដោយសុវត្ថិភាពទាំងស្រុង ។

សូមជម្រាបថា ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នឹងប្រារព្ធឡើងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ នឹងមានអ្នកចូលរួមប្រមាណជាង ២ម៉ឺន ៦ពាន់នាក់ ដោយក្នុងនោះរួមមានកម្លាំង មហាជន កម្លាំងសមត្ថកិច្ចចម្រុះ និងមានពិធីព្យុះហយាត្រាពីអង្គភាពពាក់ព័ន្ធនីមួយៗចូលរួមផងដែរ ។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺជាខួប៦៥ឆ្នាំហើយ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ៕

00001
Recently Posts