លោក​ ទៀ បាញ់ ​ប្រាប់​ទាហាន​ និង​ក្រុមគ្រួសារ​បោះឆ្នោត​ឲ្យ CPP

  • 2018-06-29 04:01:48
  • Views 263

Shares

បាត់ដំបងៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីម្សិលមិញបានថ្លែងជាសាធារណៈទៅកាន់កងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសាររបស់ពួកគេទាំងអស់ដែលមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

នៅក្នុងកម្មវិធីព្យុហយាត្រាអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតយោធភូមិភាគទី ៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី ៥ ក្នុងខេត្តបាត់ដំបងកាល ពីម្សិលមិញលោក ទៀ បាញ់ ថ្លែងថា៖ «ក្នុងឱកាសនេះខ្ញុំសូមរំឭកដល់នាយទាហាន នាយទាហានរង និងពលទាហាន និងក្រុមគ្រួសារប្តីប្រពន្ធ កូនចៅ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបំពេញ កាតព្វកិច្ច ជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នាកុំបីអាក់ខានឡើយនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០»។

លោក ទៀ បាញ់ អះអាងនៅចំពោះមុខកងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ថា ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាគឺដើម្បីរក្សាសន្តិភាព និងធានាដល់ការអភិវឌ្ឍជាតិជាបន្តទៀត ព្រោះគណបក្សប្រជាជនគឺជាអ្នករកសន្តិភាព និងការពារសន្តិភាពពិតប្រាកដ។

លោក ទៀ បាញ់ ថ្លែងថា៖ «យើងទាំងអស់គ្នាក៏ត្រូវមើលឲ្យឃើញនូវតួនាទីរបស់បក្សនយោបាយដែលចង់បំផ្លាញ សន្តិភាព និងបក្សនយោបាយដែលការពារសន្តិភាព។ បុគ្គលមួយចំនួនមជ្ឈដ្ឋានខ្លះបានត្រឹមប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស ពួកគេអត់បានគិតសិទិ្ធរស់រានមានជីវិត សិទ្ធិទទួលសន្តិភាព សិទ្ធិចាកចេញពីការភ័យខ្លាចពីវិបត្តិសង្គ្រាមទេ។ ចំណុចនេះហើយដែលយើងទាំងអស់គ្នាត្រូវមើលឲ្យឃើញពីតួនាទីសារៈសំខាន់នៃសន្តិភាព និងតួនាទីសំខាន់នៃការស្វែងរកសន្តិភាព និងចេះការពារសន្តិភាពបើមិនដូច្នេះទេវានឹងជួបគ្រោះថ្នាក់ឡើងវិញ និងបង្កឲ្យមានមនុស្សស្លាប់ដូចសម័យមុនៗទៀត»។

លោកបានអះអាងបន្ថែមទៀតថា៖ «ទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពឲ្យបានមិនអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណាមួយបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ និងយើងប្រឆាំងសកម្មភាពណាមួយពីខាងក្រៅដែលព្យាយាមដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមឆន្ទៈរបស់ខ្លួននៅក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតជ្រែកមកលើដែនសមត្ថកិច្ចរបស់អធិបតេយ្យភាពមួយ និងបំពានលើគោលការណ៍សកល។ កម្ពុជាមិនអាចទទួលយកការគាបសង្កត់ ឬការជ្រៀតជ្រែកណាមួយបានឡើយជាពិសេសការប៉ុនប៉ងពីខាងក្រៅ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដែលខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

ទោះយ៉ាងណាក៏ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សឈ្មោះថា Human Rights Watch បានចេញផ្សាយរបាយការណ៍មួយមានចំនួនជាង ២០០ ទំព័រដោយបានបញ្ចេញឈ្មោះឧត្តមសេនីយ៍កម្ពុជា ១២ រូបដែលអង្គការនេះចាត់ទុកថាជាឧត្តមសេនីយ៍អាក្រក់ដែលរំលោភបំពានសិទ្ធិមនុស្សដើម្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

របាយការណ៍នេះបានបង្ហាញថាឧត្តមសេនីយ៍ ៨ រូបពីក្រសួងការពារជាតិ ដែលរួមមាននាយឧត្តមសេនីយ៍ ប៉ុល សារឿន, នាយឧត្តមសេនីយ៍ គន់ គីម, នាយឧត្តមសេនីយ៍ សៅ សុខា, ឧត្តមសេនីយ៍ឯក ជា ម៉ន, ឧត្តមសេនីយ៍ឯក ប៊ុន សេង, ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា, ឧត្តមសេនីយ៍ឯក ចាប ភក្ដី, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ ចំណែក ៤ រូបទៀតគឺស្ថិតក្នុងក្រសួងមហាផ្ទៃ ដែលរួមមាន ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ នេត សាវឿន, និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ។

របាយការណ៍របស់ Human Rights Watch លើកឡើងថាឧត្តមសេនីយ៍ទាំង ១២ រូបនេះគឺជាឆ្អឹងខ្នងនៃរបបនយោបាយ «មានលក្ខណៈផ្តាច់ការ និងរំលោភបំពានសិទ្ធិមនុស្ស»។

របាយការណ៍សរសេរថា៖ «ក្រុមមន្ត្រីទាំងនេះបានធ្វើសកម្មភាពដើម្បីការពារនីតិបុគ្គលរបស់លោក ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣៣ ឆ្នាំមកហើយជាជាងបម្រើដល់សាធារណជន។ ពេញមួយជីវិតការងារពួកគេបានបម្រើការក្នុងរដ្ឋាភិបាលដែលមានប្រាក់កម្រៃតិចតួចសម្រាប់មន្ត្រីរាជការ ប៉ុន្តែពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើនដែលមិនអាចពន្យល់បាន»។

របាយការណ៍បានរៀបរាប់ពីប្រវត្តិរបស់ឧត្តមសេនីយ៍ទាំង ១២ រូបដោយបានលើកឡើងពីករណី រំលោភសិទ្ធិមនុស្សដាច់ដោយឡែកពីគ្នាក្នុងដំណាក់កាលផ្សេងនៃប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា។

លោក Brad Adams ប្រធានផ្នែកអាស៊ីនៃអង្គការដដែលនេះបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មន្ត្រីជាន់ខ្ពស់ទាំងនេះបានអនុវត្តបទបញ្ជាដែលគ្មានមេត្តាធម៌ និងដោយហិង្សា ហើយពួកគាត់បានបង្ក្រាបទៅលើអ្នកសារព័ត៌មាន អ្នកនយោបាយប្រឆាំង បាតុករ ហើយបានធ្វើយុទ្ធនាការសម្រាប់លោក ហ៊ុន សែន មុនការបោះឆ្នោតខែកក្កដាមកដល់។

លោក Brad Adams ថ្លែងថា៖ «គ្មានជនផ្តាច់ការណាអាចឈានដល់ ឬអាចស្ថិតនៅលំដាប់កំពូលបានដោយគ្មានការគាំទ្រពីមនុស្សដែលគ្មានមេត្តាធម៌ទេ»។

ទោះជាយ៉ាងណាក៏ដោយការថ្លែងរបស់អង្គការនេះត្រូវបានក្រសួងការពារជាតិច្រានចោលហើយអះអាងថា គ្មានមូលដ្ឋាន និងមានឧបាយកលទុច្ចរិត ដើម្បីបម្រើបរទេស និងក្រុមនយោបាយមួយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលចេញពីម្សិលមិញ បានចាត់ទុករបាយការណ៍នោះថាជាការប្រឌិតរបាយការណ៍ «ឆ្កួតលេលាដើម្បីបម្រើនយោបាយទុច្ចរិតរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិដែលបានប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ហើយបើទោះបីជាផែនការបដិវត្តន៍ពណ៌នេះបានបរាជ័យរហូតដល់មានការចាប់ខ្លួនមេខ្លោងរួចហើយក៏ដោយ ក៏ក្រុមនេះនៅមិនទាន់បោះបង់ចោលគំនិតបំផ្លិចបំផ្លាញជាតិកម្ពុជានៅឡើយ»។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិដែលស្ថិតក្នុងតារាងឧត្តមសេនីយ៍ទាំង ១២ រូបបានថ្លែងពីម្សិលមិញថា លោកមិនខ្វល់ពីការលើកឡើងរបស់អង្គការនេះទេ ដោយសារតែគ្មានមូលដ្ឋាន ហើយមានទិសដៅនយោបាយ។

លោកបានថ្លែងថា៖ «Brad Adams ហ្នឹងវាវល់ វាចេះតែថា។ វាក្រពុលមុខទៅចេះតែថាទៅមិនដឹងអាងលើអី។ តែសម្តីវាយើងមិនចាប់អារម្មណ៍ទេព្រោះវាមិនមែនជាសម្តីរបស់រដ្ឋាភិបាលអាមេរិកឯណា។ វាស្អប់អ្នកណាវាថាអ្នកនោះទៅ មិនដឹងជាមានរឿងហេតុអី។ ដូចខ្ញុំអ៊ីចឹង វាដាក់ថារំលោភសិទ្ធិមនុស្ស រំលោភពីអង្កាល់? ដូចចោរអី ចាប់ជំរិតអី ពួកគ្រឿងញៀនអី យើងចាប់វា។ ក្រៅពីនោះមិនដែលប៉ះពាល់សិទ្ធិមនុស្សអីផង»។

លោកថ្លែងបន្តថា៖ «បើថានៅភ្នំពេញនៅស្រុកខ្មែរ ប្តឹងយកទៅដាក់គុកតែម្តងព្រោះអត់មានភ័ស្តុតាងចេះតែដើរចោទគេ។ ទិសដៅអង្គការ គេមានទិសដៅតែយើងមិនដឹងដែរ។ ប៉ុន្តែមើលទៅគាត់ហ្នឹងធ្វើដើម្បីគោលដៅគាត់។ អានេះបើតាមផ្លូវច្បាប់គឺបរិហារកេរ្តិ៍ដែលត្រូវមានទោស»។

ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់ដទៃទៀត ដែលមាននៅក្នុងបញ្ជីរាយនាមរបស់អង្គការនោះទេ។ ចំណែកសម្ដីលោក ទៀ បាញ់ ទាក់ទងនឹងការបោះឆ្នោតវិញ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាបានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គួរតែធ្វើការព្រមានទៅដល់មន្ត្រីណាដែលបានយកតួនាទី និងពេលវេលារបស់រដ្ឋទៅនិយាយរឿងនយោបាយដូចជាក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធច្បាប់មិនឲ្យយកតួនាទីរបស់កងកម្លាំងទៅធ្វើការឲ្យបក្សនោះទេ។

លោកថ្លែងថា៖ «ច្បាប់បោះឆ្នោត គេតម្រូវឲ្យមន្ត្រីធ្វើការក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យមានអព្យាក្រឹតភាព។ គាត់ក្នុងនាមកងកម្លាំងរបស់រដ្ឋាភិបាលត្រូវតែអព្យាក្រឹតព្រោះមិនមែនជារបស់គណបក្សទេដូច្នេះក្នុងពិធីផ្លូវការបែបនេះគាត់មិនគួរលើកឡើងបែបនេះទេ។ រដូវនេះមិនទាន់ដល់ពេលឃោសនាទេហើយគាត់បានឃោសនានេះជាការរំលោភច្បាប់ គ.ជ.ប ហើយដោយសារ គ.ជ.ប មិនមានអំណាចគ្រប់គ្រាន់ដូច្នេះគាត់មិនអាចចាត់វិធានការចំពោះមន្ត្រី ឬអ្នកដែលបានបំពានលើច្បាប់បោះឆ្នោតបានទេ»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែងថាករណីថ្លែងបែបលោក ទៀ បាញ់ មិនស្ថិតនៅក្រោមចំណាត់ការរបស់ គជប ទេ។

លោកថ្លែងថា៖ «ដែនសមត្ថកិច្ចរបស់ គ.ជ.ប ចាប់ពីថ្ងៃទី ៧ ខែកក្កដាតទៅមានន័យថាអំឡុងពេលនៃការឃោសនា»។

លោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានអះអាងថា៖ «ក្នុងឯកសណ្ឋាន យោធាយើងមិនអាចធ្វើបែបនេះបានទេគឺយើងធ្វើខុសវិន័យកងទ័ពហើយ ដោយសារកងទ័ពអព្យាក្រឹតមិនប្រកាន់បក្សណាទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានអះអាងថាលោក ទៀ បាញ់មិនមានខុសអ្វីទេ ពេលណាគណបក្សនយោបាយណាមួយចុះបញ្ជីនៅក្រសួងមហាផ្ទៃហើយក្រសួងមហាផ្ទៃទទួលស្គាល់ហើយគាត់អាចធ្វើសកម្មភាពនយោបាយបានហើយសកម្មភាពនយោបាយគឺការឃោសនាឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យគណបក្សខ្លួន។ «ទោះបីធ្វើកងទ័ព ឬនគរបាល មន្ត្រីរាជការសាធារណៈ មន្ត្រីតុលាការគឺគាត់មិនមែនបាត់សិទិ្ធនយោបាយរបស់ខ្លួននោះទេ។ គាត់ក៏អាចធ្វើសកម្មភាពគណបក្សនយោបាយនោះដែរ»៕

b1

 

Recently Posts