ជនសង្ស័យ​ពាក់ព័ន្ធ​នឹង ​គ្រឿងញៀន​ ៣ ​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ

  • 2018-06-29 03:56:27
  • Views 286

Shares

មណ្ឌលគិរីៈកាលពីម្សិលមិញ នគរបាលខេត្តមណ្ឌលគិបានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ទៅសាលាដំបូងខេត្តដើម្បីសាកសួរ និងធ្វើការចោទប្រកាន់ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន ៣ នាក់ក្នុងចំណោម ៦ នាក់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនព្រមទាំងមានការផ្ទុះអាវុធបណ្ដាលឲ្យមន្ត្រីនគរបាលស្រុកម្នាក់រងរបួសធ្ងន់កាលពីថ្ងៃ ២៦ ខែមិថុនា។

លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរីបានឲ្យដឹងថា បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុលើជនសង្ស័យចំនួន ៣ នាក់នៅស្នងការដ្ឋាននគរបាលខេត្តរួចមក មន្ត្រីបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីបន្ដការសាកសួរ និងធ្វើការចោទប្រកាន់ ហើយឈានទៅរកការឃុំខ្លួនបណ្ដោះអាសន្នតាមនីតិវិធី។

លោកបញ្ជាក់ថា៖ «ខ្ញុំអត់អាចប្រាប់ពីអត្តសញ្ញាណ និងចម្លើយសារភាពរបស់ជនសង្ស័យទេ ប៉ុន្ដែខ្ញុំបានបញ្ជូនទៅតុលាការហើយដោយយើងបានចោទប្រកាន់លើបទប្រើប្រាស់ និងជួញដូរគ្រឿងញៀនហើយតុលាការចោទយ៉ាងណាទៀតគឺអាស្រ័យលើតុលាការ»។

លោកបន្តថាជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់នៅភូមិពូល ឃុំប៊ូស្រា ស្រុកពេជ្រាដានេះគឺលោក តាត់ យ៉េន អធិការស្រុកពេជ្រាដា ខណៈ ជនសង្ស័យព្យាយាមតដៃសមត្ថកិច្ច ប៉ុន្ដែរហូតមកដល់ថ្ងៃនេះជនរងគ្រោះបានធូរស្រាលពីរបួសហើយ។ ចំណែកជនសង្ស័យ ៣ នាក់ផ្សេងទៀតដែលបានរត់គេចខ្លួននោះសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តមណ្ឌលគិរីបានឲ្យដឹងកាលពីម្សិលមិញថាលោកបានទទួលរបាយការណ៍ពាក់ព័ន្ធនឹងជនសង្ស័យ ៣ នាក់ ប៉ុន្ដែជនសង្ស័យមានតែ ២ នាក់ទេដែលមកដល់តុលាការហើយបើតាមសមត្ថកិច្ចប្រាប់ថា ជនសង្ស័យម្នាក់ទៀតបានរងរបួសបាក់ជើង។ «ខ្ញុំទើបតែទទួលបានមុននេះបន្ដិច ហើយក៏បានបញ្ជូនបន្តទៅសាកសួរ។ ខ្ញុំអត់ទាន់បានដឹងថាលោកចៅក្រមសម្រេចបែបណាទេ»។

បើតាមរបាយការណ៍របស់នគរបាលស្រុកពេជ្រាដា ក្រុមជនល្មើសមានគ្នា ៦ នាក់បានស្ទុះហក់បុកទ្វារច្រានសមត្ថកិច្ចដួល និងបានរត់ទៅឆក់កាំភ្លើងស្នប់ (កាំភ្លើងកែច្នៃ) ដែលផ្អែកជញ្ជាំងផ្ទះខ្លួននោះ ប៉ុន្ដែ ត្រូវសមត្ថកិច្ចបាញ់ការពារខ្លួនមួយគ្រាប់បណ្ដាលឲ្យរងរបួសបាក់ភ្លៅជនសង្ស័យម្នាក់ ហើយសមត្ថកិច្ចបានបាញ់មួយគ្រាប់ទៀតត្រូវចំសសរផ្ទះ ប្លាតមកត្រូវលោកអធិការស្រុកវិញបណ្ដាលឲ្យរងរបួសត្រង់ក្លៀកខាងស្ដាំ។ ក្នុងនោះសមត្ថកិច្ចបានរឹបអូសវត្ថុតាងជាគ្រឿងញៀន ២ កញ្ចប់ធំ ទម្ងន់ជិត ៣០ ក្រាម ម្សៅរំសេវ ព្រមទាំងកាំភ្លើងកែច្នៃ ៥ ដើម ដាវសាមូរ៉ៃ ៣ ដើម និងសម្ភារផ្សេងៗមួយចំនួនទៀត៕

b
Recently Posts