ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​និស្សិត​ឈប់​សម្រាក​ ៣ ថ្ងៃ ដើម្បី​ទៅ​ចូល​រួម​បោះ​ឆ្នោត​

  • 2018-06-26 09:56:14
  • Views 230

Shares

ភ្នំពេញ៖  ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ បានប្រកាសអនុញ្ញាតឲ្យនិស្សិតបានឈប់សម្រាកចំនួន ៣ ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៦ ដែលនឹងប្រព្រិតទៅ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

សេចក្តីសម្រេចរបស់ក្រសួងអប់រំនេះ គឺធ្វើឡើង ដោយយោងទៅតាមអនុសសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨។

សេចក្តីប្រកាសចុះថ្ងៃទី ២៦ ខែមិថុនា ដែលចុះហត្ថលេខា ដោយលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោក ជំទាវ លោក លោកស្រីជ្រាបថា៖ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិត ក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ សូមឯកឧត្តមលោកជំទាវ លោក លោកស្រី អនុញ្ញាតឲ្យនិស្សិត ដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី បានឈប់សម្រាកចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨»។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ ក៏បានចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាកចំនួន ៣ ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោតផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានសរសេរថា៖«ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិត ក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ … ម្ចាស់ និងនាយករោងចក្រ សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត បានឈប់សម្រាកចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល»។

បើទោះបីជាការបោះឆ្នោតនៅសល់ជាងមួយខែទៀត ក៏ដោយ ក៏ប៉ុន្តែការបោះឆ្នោតលើកនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិរួចជាស្រេចទៅហើយ ចំពោះអ្វីដែលត្រូវបានគេអធិប្បាយថា ជាការបោះឆ្នោត ដែលមិនមានលក្ខណៈសេរី និងយុត្តិធម៌ និងមិនអាចទទួលយកបាន ដោយសារតែអវត្តមានរបស់អតីត គណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ជាមួយគណបក្សប្រជាជនកម្ពុជា៕

2+_1
Recently Posts