ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​១៣​នាក់​ដែល​លប​ឆ្លង​ដែន​គ្មាន​ច្បាប់​អនុញ្ញាត​

  • 2018-05-07 02:41:44
  • Views 173

Shares

ប្រទេសថៃ ៖ មេខ្យល់ និងពលករខ្មែរសរុបចំនួន១៣នាក់ ត្រូវបានក្រុមតម្រួតថៃដេញតាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួន នៅក្នុងស្រុកអារញ្ញប្រាថេត បន្ទាប់ពីពលករទាំងនេះត្រូវបានមេខ្យល់រៀបចំគម្រោងអោយដេកសំងំនៅលើរថយន្ត ដោយគ្របបិទបាំងយ៉ាងជិតដើម្បីបញ្ជូនទៅធ្ងើការនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។

កិច្ចប្រតិបត្តិការរបស់ក្រុមតម្រួតថៃនេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវពីព្រំដែនកម្ពុជា ទៅកាន់ទីក្រុងបាងកក ត្រង់ចំណុចមុខស្ថានីយ៍ហ្គាស LPG ស្ថិតក្នុងឃុំ ណងសាំង ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ គេសង្គេតឃើញថា មានការឃាត់រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា វីហ្គូ ពណ៌ប្រផេះ ពាក់ស្លាកលេខ បាងកក ៥៣០០ ខណៈដែលរថយន្តនេះមានដឹកអ្វីម្យ៉ាងដោយមានគ្របស្បៃ និងតង់យ៉ាងជិតផង ដោយអ្នកបើកបរមានឈ្មោះ អាំងផន សានណារៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំបាងណាំខៀវ ស្រុកព្រុំបុរី ខេត្តសិង្ហបុរី ។

នៅក្នុងរថយន្តនោះដែរ ក្រោយពេលបើកតង់ឡើង គេឃើញមានពលករខ្មែរដេកតម្រៀបគ្នា រដូករណែលដែលសរុបមានចំនួន១២នាក់ រួមជាមួយនិងមេខ្យល់ម្នាក់ដែលជាជនជាតិខ្មែរដែរដែលគេនោះមានឈ្មោះ លូន ភេទប្រុស អាយុ៤៥ឆ្នាំ ដោយពួកគេទាំងពីរនាក់មានការឃុបឃិត និងត្រូវរ៉ូវគ្នាក្នុងការដឹកជញ្ជូនពលករខុសច្បាប់អោយចូលទៅបម្រើការងារនៅក្នុងប្រទេសថៃ ។

សមត្ថកិច្ចថៃបានអះអាងថា ជនទាំងពីរនាក់នេះគឺមានទោសទៅតាមកំហុសរៀងៗខ្លួនដោយអ្នកបើកបរខុសលើការជួយបិទបាំង និងដឹកជញ្ជូនពលករអោយគេចផុតពីការត្រួតពិនិត្យ និងចាប់ខ្លួន រីឯមេខ្យល់ គឺជាជនជាតិខ្មែរ ដែលហ៊ាននាំពលករជាច្រើននាក់អោយលបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដូច្នេះពួកគេត្រូវបានកំលាំងបញ្ជូនទៅកាន់តុលាការដើម្បីសម្រេច ៕

AA2
Recently Posts