មន្ត្រី​យោ​ធា​ថា​ ការ​ចល័ត​កម្លាំង​មិន​មែន​ធ្វើ​ឱ្យ​ពល​រដ្ឋ​បារម្ភ​ទេ ​តែ​អ្នក​វិភាគ​យល់​ឃើញ​ផ្សេង​​

  • 2018-06-25 01:57:52
  • Views 199

Shares

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងនៅថ្ងៃទី២៤ខែមិថុនានេះថា ការចល័តកងកម្លាំងនិងយោធបរិក្ខារកាលពីថ្ងៃទី២៣មិថុនាដែលចេញពីទីបញ្ជាការដ្ឋានអង្គរក្សខេត្តកណ្តាលទៅខេត្តបាត់ដំបងនោះមិនធ្វើឲ្យពលរដ្ឋដែលនឹងទៅបោះឆ្នោតបារម្ភទេប៉ុន្តែអ្នកវិភាគយល់ថាជាការបង្ហាញសាច់ដុំនៅមុនពេលបោះឆ្នោត។

លោក យ៉ា ទូច អ្នកនាំពាក្យនៃបញ្ជាការដ្ឋានអង្គរក្សបានថ្លែងការចល័តកម្លាំងនេះគឺមានការផ្ដល់ដំណឹងជាមុនច្បាស់លាស់ដែលមិនមែនជាការបំភិតបំភ័យទេ។

លោកបានបញ្ជាក់ថា៖«ប្រសិនបើគេបំភិតបំភ័យគេមិនចាំបាច់ជូនដំណឹងឲ្យប្រជាជននិងអាជ្ញាធរគាត់ដឹងនោះទេហើយគេមិនចាំបាច់ (ជូនដំណឹងទេ)។ តែនេះជាភារកិច្ចដែលមានបទបញ្ជាពីអគ្គមេបញ្ជាការហើយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ(ហ៊ុនសែន)រួចហើយបានជាមានការចល័តកងទ័ព។ ការចល័តកងទ័ពលើកនេះគឺដើម្បីទៅចូលរួមក្នុងកម្មវិធីរបស់ខួបកំណើតភូមិភាគទី ៥ នៅថ្ងៃទី ២៨»។

លោកបានបន្ថែមថា៖ «យើងត្រូវចេញទៅមុនដើម្បីធ្វើការហាត់សម… ដូច្នេះគ្មានការគំរាមកំហែងណាមួយនោះទេបើគំរាមកំហែងគេមិនបាច់ជូនដំណឹងទេ។ទោះបីជាយើងធ្វើមេ៉ចក៏មិនចេះត្រូវពួកវាដែរ (អ្នកវិភាគ) ហើយពួកវានៅតែរិះគន់គេរហូត»។

នេះជាលើកទី ២ ហើយសម្រាប់ឆ្នាំនេះដែលបញ្ជាការដ្ឋានអង្គរក្សបានចល័តកម្លាំងនិងយោធបរិក្ខាររបស់ខ្លួនចេញក្រៅបន្ទាយ។

កាល ពីខែសីហា ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជួនកងទ័ពនិងយុទ្ធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាននៅក្រុងតាខ្មៅឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង បន្ទាប់ពីយោធាឡាវចូលទឹកដីកម្ពុជានៅតំបន់អូរអាឡៃក្នុងខេត្តស្ទឹងត្រែង ហើយកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កងកម្លាំងប្រដាប់អាវុធមានប្រមាណ ៣៥ រថយន្តបានចេញល្បាតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ម្តុំទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែក្រោម ដែលការចល័តនេះគឺធ្វើឡើង បន្ទាប់ពីមានការប្រកាសធ្វើមហាបាតុកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានអង្គរក្សដែលចុះហត្ថលេខាដោយ លោក ហ៊ីង ប៊ុនហៀង កាលពីថ្ងៃទី២១មិថុនាបានឲ្យដឹងថា បញ្ជាការដ្ឋានអង្គរក្សនិងធ្វើការចល័តកងកម្លាំង និងយោធបរិក្ខារចេញពីទីបញ្ជាការដ្ឋានអង្គរក្សនៅក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី ២៣ មិថុនា ទៅខេត្ត បាត់ដំបង ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រានៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៥នៅថ្ងៃទី២៨ខែមិថុនាក្នុងខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃកំណើតយោធភូមិភាគទី ៥ ឆ្នាំ ២០១៨។

ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថាក្រោយពីបញ្ចប់កម្មវិធីត្រូវចល័តនិងយោធបរិក្ខារត្រឡប់មកទីបញ្ជាការដ្ឋានអង្គរក្សនៅក្រុងតាខ្មៅខេត្តកណ្តាលវិញនិងបានប្រាប់ទៅពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥កុំឲ្យមានការភ្ញាក់ផ្អើល។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖«សូមអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តោយផ្លូវជាតិលេខ ៥ និងអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្តាលមេត្តាជ្រាបនិងផ្សព្វផ្សាយជូនដល់ពលរដ្ឋដែលរស់នៅតាមដងផ្លូវកុំឲ្យមានការភ្ញាក់ផ្អើល ជាពិសេសក្រែងមានជនអគតិមួយចំនួនយកទៅឃោសនាបំភាន់ខុសពីការពិត»។

យ៉ាងណាក្ដី អ្នកវិភាគនិងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី បានលើកឡើងថាការចល័តទ័ពនឹងធ្វើឲ្យពលរដ្ឋបារម្ភនិងភ័យខ្លាចអំពីកើតសង្គ្រាមឡើងវិញនិងជាការបង្ហាញសាច់ដុំកម្លាំងមុនពេលបោះឆ្នោត។

លោកបានបញ្ជាក់ថា៖ «ប្រសិបើរដ្ឋាភិបាលយល់ពីអារម្មណ៍របស់ពលរដ្ឋនិងស្ថានកាណ៍នយោបាយនាពេលបច្ចុប្បន្នវាអាចធ្វើឲ្យប្រជាជនបោះឆ្នោតដោយការភ័យខ្លាចដោយសារការបោះឆ្នោតខិតជិតមកដល់។ មិនគួរឲ្យមានចលនាចល័តទ័ពនៅពេលមុនបោះឆ្នោតបែបនេះទេ។ ពលរដ្ឋភាគច្រើនមើលឃើញថាជាការបង្អួតនៅសាច់ដុំដើម្បីប្រាប់ពលរដ្ឋថាដ្ឋាភិបាលមានកងគ្រប់គ្រាន់នឹងរឹងមាំ»។

តាមគេហទំព័រគណបក្សប្រជាជនបានឲ្យដឹងថា កាលពីថ្ងៃទី២១ មិថុនា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្សដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានពីសប្បុរសជននានា សម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គមដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

កាលពីថ្មីៗនេះ អង្គការតម្លាភាពកម្ពុជា អង្គការ Comfrel និងអង្គការ Nicfec បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខដោយសំអាងថា រងសម្ពាធពីរដ្ឋាភិបាលកម្ពុជា៕

5
Recently Posts