លោក ពូទីន ថា កងទ័ពជើងទឹករុស្ស៊ីនឹងធ្វើការល្បាតក្បែរដែនសមុទ្រក្នុងដែនទឹកស៊ីរី
- 2018-05-18 02:04:10
- Views 229
លោក ពូទីន ថា កងទ័ពជើងទឹករុស្ស៊ីនឹងធ្វើការល្បាតក្បែរដែនសមុទ្រក្នុងដែនទឹកស៊ីរី
ក្រុងសូជី: ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានថ្លែងកាលពីថ្ងៃពុធថា នាវាជាច្រើនគ្រឿងរបស់កងទាហានជើងទឹករុស្ស៊ីនឹងធ្វើការល្បាតនៅក្បែរដែនសមុទ្រស៊ីរី ជាទីដែលក្រុងម៉ូស្គូកំពុងគាំទ្ររបបរបស់ប្រធានាធិបតី បាសារ អាល់អាសាដ ដើម្បីការពារទប់ស្កាត់ការគំរាមភេរវកម្ម។
លោក ពូទីន បានថ្លែងថា អំឡុងកិច្ចប្រជុំមួយជាមួយក្រុមថ្នាក់ដឹកនាំយោធាក្នុងទីក្រុងសូជីនៅរុស្ស៊ីភាគខាងត្បូងថា៖ «ឆ្នាំនេះ ដោយសារមានការគំរាមពីក្រុមភេរវករកំពុងកើនឡើង នាវារបស់យើងប្រដាប់ដោយមីស៊ីល នឹងធ្វើការល្បាតដែនសមុទ្រជាប់ជាបន្ត»។
រុស្ស៊ីបានជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៥។ ការគាំទ្រខាងយោធាចំពោះរបបស៊ីរី បានផ្លាស់ប្តូរដំណើរប្រព្រឹត្តទៅនៃសង្គ្រាមដោយ បានអនុញ្ញាតឲ្យកងទ័ពរដ្ឋាភិបាលច្បាំងដណ្តើមបានផ្ទៃដីជាងពាក់កណ្តាលប្រទេសនេះពីក្រុមឧទ្ទាម និងក្រុមរដ្ឋអ៊ិស្លាម (IS)។
លោកពូទីន បានសរសើរសកម្មភាពសម្របសម្រួលច្បាស់លាស់ និងល្អប្រសើររបស់កងនាវា និង នាវាមុជទឹករបស់រុស្ស៊ីអំឡុងប្រតិបត្តិការក្នុងទឹកដី ស៊ីរី និង ការវាយប្រហារដោយកាំជ្រួចមីស៊ីល ដែលនាំឲ្យខាតបង់ដ៏ច្រើនលើសលប់ ទៅលើក្រុមភេរវករនៅស៊ីរី៕