ក្នុងក្រុងដាម៉ាសកងទ័ពស៊ីរី បានសម្រុកចូលទៅក្នុងតំបន់ឈរជើងក្រុម IS
- 2018-05-17 08:23:00
- Views 219
ក្នុងក្រុងដាម៉ាសកងទ័ពស៊ីរី បានសម្រុកចូលទៅក្នុងតំបន់ឈរជើងក្រុម IS
ក្រុងបេរូត: ក្រុមឃ្លាំមើលបានឲ្យដឹងថា កងទ័ពរបបស៊ីរី កាលពីថ្ងៃអង្គារច្បាំងដណ្តើមត្រួតត្រាសង្កាត់មួយនៅភាគខាងត្បូងក្រុងដាម៉ាសពីក្រុមរដ្ឋអ៊ិស្លាម (IS) ជាថ្មី ដោយកាត់ផ្តាច់ផ្នែកមួយទៀតនៃតំបន់ឈរជើងដ៏រឹងមាំរបស់ក្រុមជីហាដ។
ចាប់តាំងពីថ្ងៃទី ១៩ មេសា មក រដ្ឋាភិបាលរបស់ប្រធានាធិបតី បាសារ អាល់អាសាដ បានបើកការវាយប្រហារផ្លូវអាកាស និងដែនគោកដ៏ស្វិតស្វាញទៅលើតំបន់ត្រួតត្រារបស់ក្រុម IS នៅក្នុងក្រុងនេះ។
លោក Rami Abdel Rahman ប្រមុខរបស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា៖ «របបស៊ីរី បានច្បាំងដណ្តើមត្រួតត្រាសង្កាត់ Hajar al-Aswad ទាំងស្រុង។
លោក Abdel Rahman បានថ្លែងប្រាប់ AFP ថា ការប្រយុទ្ធគ្នា ដើម្បីដណ្តើមត្រួតត្រាសង្កាត់ Hajar al-Aswad បានក្លាយទៅជាសង្គ្រាមបង្ហូរឈាម។
ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមក្នុងខែមេសា ក្រុមយុទ្ធជនរដ្ឋាភិបាល ២២១ នាក់ និងក្រុមជីហាដ IS ១៨៩ នាក់ ត្រូវបានសម្លាប់ និងជិត ៥០ ភាគរយនៃពួកគេ ត្រូវបានសម្លាប់នៅក្នុងសង្កាត់ Hajar al-Aswad តែប៉ុណ្ណោះ។
ក្រុម IS បន្តត្រួតត្រាសង្កាត់ Tadamun ដែលនៅជិតខាងនិងផ្នែក ៧០ ភាគរយនៃសង្កាត់ Yarmuk ដែលជាប់គ្នា គឺជា ជំរំប៉ាឡេស្ទីនមួយ។
លោក Abdel Rahman បានថ្លែងថា៖ «ប្រសិនបើកងទ័ពរបបស៊ីរី បន្តសម្រុកទៅមុខនៅលើដែនគោក ក្រុម IS នឹងត្រូវបានហ៊ុមព័ទ្ធ ហើយនឹងត្រូវបានបង្ខំឲ្យបើកកិច្ចចរចាចុះកិច្ចព្រមព្រៀងជម្លៀសមួយជាក់ជាមិនខាន»។
កិច្ចព្រមព្រៀងបែបហ្នឹង បានអនុញ្ញាតឲ្យរដ្ឋាភិបាល អាចច្បាំងដណ្តើមត្រួតត្រាផ្នែកជាច្រើននៃដែនដីនៅទូទាំងស៊ីរី ជាថ្មី។ ជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណ ១៦ ម៉ឺននាក់ធ្លាប់បានរស់នៅក្នុងសង្កាត់ Yarmuk ក៏ដូចជា ក្រុមពលរដ្ឋស៊ីរី។ ពេលមានពលរដ្ឋតែ ២ ឬ ៣០០ នាក់ប៉ុណ្ណោះបន្តរស់នៅទីនោះ។ ក្រុម IS បានប្រកាសទឹកដីអ៊ិស្លាមមួយក្នុងឆ្នាំ ២០១៤ ដែលរួមទាំងដែនដីភាគខាងជើង៕