ស្ដ្រី​ជួល​ក្មេង​ឱ្យ​សុំទាន​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារចំនួន ៨ ឆ្នាំ

  • 2018-05-10 04:14:52
  • Views 283

Shares

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសផ្ដន្ទាទោសស្រី ឈ្មោះ ភួង ចន្នី អាយុ ៥០ ឆ្នាំដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំពីបទ «ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច» នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នេះបើតាមអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) កម្ពុជា និងលោក សេក សារឿន ជាមេធាវីការពារក្មេងៗរងគ្រោះ ៧ នាក់។

លោក សេក សារឿន បញ្ជាក់ថាការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃសុក្រ ក្រោយបើកសវនាការនៅថ្ងៃ ១០ មេសាដែលមានលោកចៅក្រម ម៉ុង មុនីសោភា ជាប្រធានក្រុមជំនុំជម្រះ។

លោកថាក្នុងសវនាការស្រីជាប់ចោទបានសារភាពថាខ្លួនបានបង្ខំក្មេងឲ្យសុំទាន ហើយយកលុយឲ្យខ្លួនដោយការប្រព្រឹត្តដូច្នេះ ៨ ឆ្នាំមកហើយ។

លោក សេក សារឿន ថ្លែងថាកុមារទាំងនោះទទួលបានអាហារតែ ១ ពេលក្នុង ១ ថ្ងៃហើយត្រូវបង្ខំឲ្យសុំទានឲ្យបាន ២ ដុល្លារក្នុង ១ ថ្ងៃ បើមិនបាននឹងត្រូវទទួលការវាយនឹងខ្សែភ្លើង និងបង្ខំឲ្យដេកលើបង់តាមទីសាធារណៈ។

ដោយឡែកលោក អោ គឹមអាន នាយលេខាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីឈ្មោះ ភួង ចន្នី បានជួលក្មេងៗទាំងនោះពីអ្នកសុំទានផ្សេងទៀតដោយមានក្មេង ៥ នាក់ចេះដើរ ហើយក្មេង ២ នាក់ទៀតមិនទាន់ចេះដើរ។

លោកថា៖ «ក្មេងដែលចេះដើរគាត់ឲ្យដើរសុំទាន ចំណែកក្មេងតូចៗគាត់ពដើរសុំ និងជួលគេម្នាក់ឲ្យពដើរសុំដូចគាត់។ គាត់ជាអ្នកចាត់ចែងហើយគាត់ជាអ្នកដើរប្រមូលលុយ»។

លោក យូ សុភ័ក្ក្រ អនុប្រធានមន្ទីរសង្គមកិច្ចរាជធានី-ភ្នំពេញថ្លែងស្វាគមន៍ចំពោះការដាក់ទោសស្ត្រីនេះដោយលោកថ្លែងថា វាអាចជាការទប់ស្កាត់កុំឲ្យមានកុមាររងគ្រោះក្នុងអំពើដូច្នេះបន្តទៀត៕

AA9
Recently Posts