កុមា​រា​ម្នាក់​លង់ទឹក​ស្លាប់​ ខណៈ​តាម​ឪពុក​ទៅ​លេង​បឹង​នៅ​ស្រុក​ខ្សាច់កណ្ដាល​

  • 2018-05-07 02:35:23
  • Views 232

Shares

កុមារាម្នាក់លង់ទឹកស្លាប់ ខណៈតាមឪពុកទៅលេងបឹងនៅស្រុកខ្សាច់កណ្ដាល

កណ្ដាល ៖ កុមារាម្នាក់តាមឪពុករបស់ខ្លួនទៅលេងបឹង តែឪពុកធ្វេសប្រហែសពុំបានមើលមួយភ្លែត បណ្ដាលឲ្យកុមារធ្លាក់ទឹកលង់ស្លាប់គួរឲ្យសង្វេគ ។ ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបឹងតាអុក ស្ថិតក្នុងភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ណេង ចន្ទ័រិទ្ធ ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មានទីលំនៅភូមិឃុំកើតហេតុ ។ មានឪពុកឈ្មោះ ឆាំ សុខណេង អាយុ៣៩ឆ្នាំ មុខរបរ កសិករ និងម្តាយឈ្មោះ វ៉ន សាំងនី អាយុ ៣៦ឆ្នាំ មុខរបរ គ្រូបង្រៀន ជនជាតិខ្មែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ម៉ោងប្រមាណ៨ ឈ្មោះ ឆាំ សុខណេង ជាឪពុកជនរងគ្រោះ និងឈ្មោះ វ៉ន បូរី ភេទប្រុស អាយុ ៣៩ឆ្នាំ ជាអ៊ុំជនរងគ្រោះ បាននាំគ្នាទៅជីកឃ្នងសម្រាប់ដាក់ទូក នៅចំណុចបឹងតាអុក ។ ចំណែកឯកុមាររងគ្រោះ ខណៈដែលឃើញឪពុករបស់ខ្លួនចេញទៅបឹង ក៏ទៅតាមជាមួយឪពុកដែរ ដោយមានក្មេងៗ២ទៅ៣នាក់ផងដែរ ។ លុះទៅដល់ចំណុចកើតហេតុ កុមាររងគ្រោះនិងក្មេងៗផ្សេងទៀត បាននាំគ្នាលេងលើទូកដែលទុកនៅមាត់បឹងនោះ រហូតមកដល់ម៉ោង ៨និង៣០នាទី ឪពុកកុមាររងគ្រោះ បានដើរទៅបឹងមួយទៀតដែលនៅជិតគ្នា ដោយទុកកូននៅកន្លែងកើតហេតុ ។ លុះមកដល់ម៉ោង៩ កុមារដទៃផ្សេងទៀតបាននាំគ្នាត្រឡប់មកផ្ទះរៀងៗខ្លួន តែកុមាររងគ្រោះពុំទាន់ត្រឡប់មកផ្ទះវិញនោះទេ ដោយនៅជាមួយឈ្មោះ វ៉ន បូរី ត្រូវជាឪពុកធំជនរងគ្រោះចាំត្រឡប់ទៅផ្ទះជាមួយគ្នា ឯឈ្មោះ វ៉ន បូរី ជាឪពុកធំនៅកាប់ឆ្ការព្រៃនៅជិតកន្លែងកើតហេតុ រីឯកុមាររងគ្រោះកំពុងលេងនៅមាត់កំពង់ទឹក ។ លុះដល់ម៉ោង៩និង៣០ នាទី ឈ្មោះ វ៉ន បូរី ជាឪពុកធំបានដើរមកកន្លែងកុមាររងគ្រោះលេងដើម្បីរកក្មួយ តែមិនឃើញ ក៏បានស្រែកហៅកុមាររងជនរងគ្រោះក៏នៅតែមិនឆ្លើយ ដោយមានការសង្ស័យក៏ចុះទៅរាវនៅក្នុងទឹកបឹង ក៏បានឃើញកុមាររងគ្រោះ រួចយកមកមណ្ឌលសុខភាពឃុំកោះចូរ៉ាមដើម្បីធ្វើការសង្គ្រោះ តែជាអកុសល កុមាររងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសពកុមាររងគ្រោះ រួចបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

AA_1
Recently Posts